សូមស្វាគមន៍ / www.morodorkangkor-newstv.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 098462339 / 092462339 /

មន្ត្រីក្រសួងវប្បធម៌ បកស្រាយពាក្យ និងការប្រើប្រាស់ក្រមា ឬកន្សែងប្រពៃណីខ្មែរ ក្នុងសង្គម

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោក ហួន សាវង្ស ប្រធានស្តីទីនាយកដ្ឋានសិល្បៈសូនរូបនិងសិល្បៈសិប្បកម្ម ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុងបទសម្ភាសជាមួយបណ្តាញព័ត៌មាន  បានបកស្រាយពីពាក្យ និងការប្រើប្រាស់ក្រមា ឬកន្សែងប្រពៃណីខ្មែរ ក្នុងសង្គមខ្មែរ។

ក្រមា ត្រូវបានអង្គការយូណេស្កូ ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ក្នុងសម័យប្រជុំលើកទី១៩ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ២០០៣របស់អង្គការយូណេស្កូ ស្តីពី «ការការពារបេតិកភណ្ឌវប្បធម៌អរូបី» នាទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ។

បើតាមលោក ហួន សាវង្ស អ្នកស្រាវជ្រាវយល់ថា ក្រមា ជាពាក្យកម្ចីពីភាសាពែរ្ស (Persian) ចូលមកសង្គមខ្មែរ ប្រហែលក្រោយសតវត្សទី១៤ ហើយពាក្យនេះ ច្រើននិយាយតែអ្នករស់នៅទីក្រុង ឬទីប្រជុំជន។ ក្នុងរចនានុក្រមខ្មែរពន្យល់ថា ក្រមាជាសំពត់ត្បាញដោយអំបោះ មានក្រឡាខ្វែង សម្រាប់ផ្លាស់ងូតទឹក (ជួន ណាត, ១៩៦៧, ទំ. ២៤)។ សព្វថ្ងៃពាក្យក្រមា បានជ្រួតជ្រាប និងប្រើប្រាស់យ៉ាងទូលំទូលាយ ប៉ុន្តែអ្នករស់នៅជនបទ មានពាក្យហៅសំដៅលើក្រមាថា កន្សែង ឆ្នូត សំពត់ដណ្តប់ ឬផាហ៊ុម។

ក្រមាមានសារៈសំខាន់ណាស់ក្នុងជីវភាពរស់នៅក្នុងសង្គមខ្មែរ។ ប្រជាជនខ្មែរនៅជនបទប្រើប្រាស់ក្រមាតាំងពីថ្ងៃកើត រហូតដល់ថ្ងៃស្លាប់ ដូចជា ចងជាអង្រឹងឲ្យក្មេង, កម្រាល, ស្លៀក, ដណ្តប់, បិទបាំង,ជួតក្បាល, ទទូ, ជូតញើសឬខ្លួនប្រាណ, ចោមពង់, ផ្លាស់ងូតទឹក, បង់ក, ធ្វើចំណងចងស្មៅ ធ្វើថ្នក់ បេះផ្លែឈើ ឬដាក់របស់របរផ្សេងៗតាមសេចក្តីត្រូវការ។

ក្រមាមានភស្តុតាងជាច្រើន ដូចជា តាមរយៈចម្លាក់ គំនូរ និងក្នុងអក្សរសិល្ប៍ជាដើម។ ភស្តុតាងនៅប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ, ចម្លាក់នៅប្រាសាទបាយ័ន្ត តំបន់អង្គរ ខេត្តសៀមរាប ដែលអ្នកស្រាវជ្រាវមួយចំនួនយល់ថា ជាការប្រើប្រាស់ក្រមាប្រចាំថ្ងៃដែលជាងចម្លាក់នាសម័យកាលនោះ យកមកធ្លាក់។ ភស្តុតាងគំនូរនៅថែវវិហារព្រះកែវមរកត នៅក្នុងព្រះបរមរាជវាំង, វត្តកំពង់ត្រឡាចលើ ខេត្តកំពង់ឆ្នាំង, វិហារវត្តព្រះស៊ីសុវត្ថិរតនារាម ខេត្តកណ្តាល, វិហារវត្តរាជបូព៌ ខេត្តសៀមរាប, និងគំនូរលើកុដិវត្តព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាលជាដើម។

ភស្តុតាងតាមរយៈសំណេរផ្សេងៗមានច្បាប់ស្រី របស់ម៉ឺនមៃ សម័យកណ្តាល, ច្បាប់ល្បើកថ្មីរបស់ក្រមង៉ុយ ឆ្នាំ១៩២២, ចម្រៀងនិងភ្លេង កន្សែងក្រហម, កន្សែងសូត្រ, កន្សែងបង់ក, បទឱផ្ទៃស្រុកខ្មែរ និងក្នុងចម្រៀងជាច្រើនទៀត។

ក្រៅពីនេះ ក្រមាផ្សារភ្ជាប់នឹងជំនឿ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរតាំងពីបុរាណកាលមក។ ជាក់ស្តែង នៅតំបន់សំបូរព្រៃគុក ខេត្តកំពង់ធំ អ្នកស្រុកយកក្រមាទៅក្រាលក្នុងពិធីឡើងអ្នកតា ដែលជានិមិត្តរូបនៃស្រែ។

ពិធីផ្លុងក្រឡាន នៅខេត្តសៀមរាប យកក្រឡានដែលធ្វើពីអង្ករស្រូវថ្មីយកទៅគរ ហើយនិមន្តលោកមកគោះយកក្រឡានក្នុងពិធីនោះ។ គេយកក្រមា ក្រាលឲ្យព្រះសង្ឃនិមន្តទស់ ដើម្បីជាអានិសង្ស។

នៅតាមខេត្តមួយចំនួនអ្នកស្រុកយកក្រមាទៅគ្របលើមឈូស កន្លែងខ្លះគេយកទៅគ្របសព ខ្លះនៅពេលបូជាសពហើយ មុននឹងរើសធាតុ គេធ្វើកិច្ចហៅប្រែរូប ហើយយកក្រមាទៅគ្រប។ តំបន់ខ្លះយកក្រមានឹងទៅដាក់ធាតុ ហើយមានកិច្ចមួយចុងក្រោយគេហៅ បំពេធាតុ គេយកក្រមាចងធ្វើដូចអង្រឹង រួចយោលបំពេរ។

ក្រមាខ្មែរមានច្រើនប្រភេទដូចជា ក្រមាសូត្រដែលភាគច្រើនមានធ្វើនៅខេត្តកណ្តាល ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ, ក្រមាអំបោះជ្រលក់ពណ៌ត្រុំ ដែលនៅខេត្តកំពង់ចាម, ក្រមាឆ្លុះនៅកំពង់ចាម និងខេត្តកំពង់ស្ពឺ, ព្រមទាំងក្រមាអំបោះនៅខេត្តផ្សេងៗទៀតនៃប្រទេស កម្ពុជា។ មុខរបរតម្បាញក្រមា បានជួយសិប្បករកម្ពុជា និងជំរុញសេដ្ឋកិច្ចជាតិគួរឱ្យកត់សម្គាល់។ ក្រុមគុនល្បុក្កតោ បានយកក្រមាជាយុទ្ធគុន និងសម្គាល់កម្រិតសមត្ថភាពដូចជា ថ្នាក់ក្រមាមាសជាដើម ហើយបច្ចុប្បន្ន ក្រមាជាវត្ថុដែលបង្ហាញពីអត្តសញ្ញាណជាតិ៕


ឧត្តមសេនីយ៍ត្រី សៀ ទីន ទទួលស្វាគមន៍ គណៈប្រតិភូប៉ូលីសប្រដាប់អាវុធ នៃកងទ័ពរំដោះប្រជាជនចិន!

ចំនួនអ្នកទស្សនា: Views

(សៀមរាប)៖ ដោយបានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានអញ្ជើញទទួលស្វាគមន៍ គណៈប្រតិភូប៉ូលីសប្រដាប់អាវុធ នៃកងទ័ពរំដោះប្រជាជនចិន ដឹកនាំដោឧត្តមសេនីយ៍ឯក ជូ គួរពីវ (ZHU Guobioa) អនុប្រធាននយោបាយកងកម្លាំងប៉ូលីសប្រដាប់អាវុធ នៃកងទ័ពរំដោះប្រជាជនចិន អញ្ជើញមកជួបសម្តែងការគួរសម និងទស្សនកិច្ចនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប ក្នុងពេលដែល ឧត្តមសេនីយ៍ឯក អញ្ជើញមកបំពេញទស្សនកិច្ច នៅខេត្ត​សៀមរាប។

បន្ទាប់ពីពិភាក្សាការងាររួច ភាគីទាំងពីរ បានធ្វើការជូនវត្ថុអនុស្សាវរីយ៍ឲ្យគ្នា និងអញ្ជើញពិសារអាហាររួមគ្នា ប្រកបដោយភាពរីករាយស្និទស្នាល ហើយកាន់តែពិសេសទៀតនោះ ក្រុមការងារអាវុធហត្ថខេត្តសៀមរាប បានជូនគណប្រតិភូ ដើរទស្សនា បណ្តាប្រាសាទបុរាណ ដែលជាសំណង់អច្ឆរិយៈក្នុងលោក បន្សល់ទុកដោយបុព្វបុរសខ្មែរ ពោរពេញដោយភាពស្ញប់ស្ញែងបំផុត៕

អភិបាលខេត្តប៉ៃលិន សំណូមពរអាជីវករក្នុងផ្សារប៉ាហ៊ីចូលរួមលើកកម្ពស់អនាម័យ និងសោភ័ណភាពសាធារណៈ, គណៈគ្រប់គ្រងផ្សារត្រូវរៀបចំសណ្តាប់ធ្នាប់ និងសន្តិសុខផ្សារឱ្យបានល្អ

ចំនួនអ្នកទស្សនា: Views

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងក្រុមការងារ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ បានចុះសំណេះសំណាលសួរសុខទុក្ខ និងស្តាប់នូវរាល់សំណូមពរនានារបស់អាជីវករដែលលក់ដូរនៅក្នុងផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី ស្ថិតនៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិនក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ប្រសាសន៍សំខាន់ៗរបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតី អបអរសាទរខួប២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO)

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ការកសាងផែរួម នឹងក្លាយជាផែចម្រុះ ទាំងទេសចរណ៍ ពាណិជ្ជកម្ម និងនេសាទ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ការកសាងផែរួម នឹងក្លាយជាផែចម្រុះ ទាំងផែទេសចរណ៍ ផែពាណិជ្ជកម្ម និងផែនេសាទ ជាពិសេសក៏នឹងក្លាយជាដង្ហើមសេដ្ឋកិច្ច សម្រាប់ទាំងអស់គ្នានៅក្នុងមូលដ្ឋានផងដែរ។

ការលើកឡើងបែបនេះរបស់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ធ្វើឡើងក្នុងកិច្ចប្រជុំជាមួយម្ចាស់អាជីវកម្មផែទេសចរណ៍ ដើម្បីពិនិត្យករណីរៀបចំផែទេសចរណ៍ក្នុងខេត្តព្រះសីហនុ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។

នាឱកាសនោះ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានឱ្យដឹងថា ការជួបប្រជុំគ្នានាពេលនេះ គឺធ្វើឡើងដើម្បីឆ្លើយតបតាមសំណូមពរជាច្រើន ក្នុងការស្នើសុំកសាងផែទេសចរណ៍ក្នុងខេត្តព្រះសីហនុ។

ទាក់ទិននឹងសំណើនេះ លោកឧបនាយករដ្ឋមន្ត្រី បានបំផុសគំនិតក្នុងការរៀបចំផែរួមមួយ ដោយមានការចូលរួមភាគហ៊ុនពីម្ចាស់អាជីវកម្មផែទាំងឡាយ ដើម្បីបម្រើដល់វិស័យទេសចរណ៍​ និងការដឹកជញ្ជូន ដែលនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ ប្រសើរជាងការកសាងផែដាច់ដោយឡែកពីគ្នា។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា «ផែរួមនេះនឹងក្លាយជាផែចម្រុះ ទាំងផែទេសចរណ៍ ផែពាណិជ្ជកម្ម និងផែនេសាទ ហើយមិនមែនត្រឹមតែជាផែធម្មតាប៉ុណ្ណោះទេ ប៉ុន្តែជាការរៀបចំឱ្យក្លាយជាដង្ហើមសេដ្ឋកិច្ច សម្រាប់ទាំងអស់គ្នានៅក្នុងមូលដ្ឋានផងដែរ»។

យោងតាមស្មារតីនៃអង្គប្រជុំក្រោមការឯកភាពគ្នានាពេលនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានគណៈកម្មការឆ្នេរជាសេនាធិការ នឹងរៀបចំទស្សនទានក្នុងការរៀបចំផែនការនេះ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានគណៈកម្មការឆ្នេរជាសេនាធិការ គ្រោងនឹងរៀបចំផែនការកសាងផែរួមមួយសម្រាប់បម្រើដល់វិស័យទេសចរណ៍ និងការដឹកជញ្ជូនយ៉ាងសម្បូរបែប ដែលនឹងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ៕

នាយករដ្ឋមន្ត្រីកម្ពុជា ឡាវ និងវៀតណាម ជួបអាហារការងារ តាមទម្លាប់រាល់ពេលជួបគ្នា

ចំនួនអ្នកទស្សនា: Views

(ឡាវ)៖ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ទីកន្លែងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ទ នៅព្រឹកថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ និងលោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិសាអាហារ និងពិភាក្សាការងារជាមួយគ្នា ដើម្បីពង្រឹងចំណងមេត្រីភាព និងកិច្ចសហប្រតិបត្តិការលើកិច្ចការនានា។

នេះមិនមែនជារឿងថ្មីទេ ជាទម្លាប់រាល់ពេលជួបគ្នានាយករដ្ឋមន្ត្រីកម្ពុជា ឡាវ និងវៀតណាម ដែលជាប្រទេសភូមិផងរបងជាប់គ្នា គឺតែងតែជួបពិសាអាហារ និងពិភាក្សាការងារ។ ជំនួបជាប្រពៃណីនេះ បានធ្វើឡើងតាំងពីនាយករដ្ឋមន្ត្រីមុនៗមកម្ល៉េះ៕